តើយុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ
(យុទ្ធនាការ១៦ថ្ងៃ) ជាកម្មវិធីអ្វី?
យុទ្ធនាការ១៦ថ្ងៃ ជាយុទ្ធនាការសកលមួយបានផ្តួចផ្តើមឡើងដោយសកម្មជនស្រ្តីមួយក្រុម នៅ ក្នុងឆ្នាំ ១៩៩១ ហើយ បន្តធ្វើឡើងជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្នក្នុងគោលបំណង ដើម្បី អំពាវនាវឲ្យមានការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្រ្តីនិង ក្មេងស្រី នៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។ យុទ្ធនាការ១៦ថ្ងៃ ត្រូវបានសម្របសម្រួលដោយ Center for Women’s Global Leadership ហើយប្រារព្វឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូត ដល់ថ្ងៃទី១០ ខែធ្នូដែលជាទិវាអន្តរជាតិសិទ្ធមនុស្ស និងមានការចូលរួមពីសំណាក់ក្រុមសកម្មជន ស្រ្តីនិយម សហជីព និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងបំពេញបេសកកម្មដើម្បីលើក កម្ពស់សិទ្ធិស្រ្តីនិង សមភាពយេនឌ័រប្រមាណជាង៦,០០០ពាន់ស្ថាប័នស្ថិតក្នុងប្រទេស ចំនួន១៨៧។
តើអ្វីជាប្រធានបទសម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំ២០១៩នៅថ្នាក់សកល?
“បញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រក្នុងពិភពការងារ” ត្រូវបានកំណត់យកជាប្រធានបទសកល សម្រាប់យុទ្ធនាការ១៦ថ្ងៃនៅក្នុងឆ្នាំ២០១៩ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ សាធារណៈជន និងជាពិសេសភ្នាក់ងាររដ្ឋឲ្យផ្តោតការយកចិត្តទុកដាក់លើ អនុសញ្ញាលេខ១៩០ និង អនុសាសន៍ លេខ២០៦ ស្តីពីការបញ្ឈប់អំពើហិង្សាក្នុងពិភពការងាររបស់អង្គការពលកម្មអន្តរជាតិ(ILO) ព្រមទាំងជម្រុញឲ្យបណ្តាប្រទេសនានាក្នុងសកលលោក ផ្តល់សច្ចាប័ន និងចាត់វិធានការណ៍ដើម្បី បញ្រ្ចៀបនិងអនុវត្តគោលការណ៍នានាដែលមានចែងនៅក្នុងអនុសញ្ញានៅកម្រឹតថ្នាក់ជាតិ។
តើក្រុមសង្គមស៊ីវិលមានរៀបចំកម្មវិធីអ្វីខ្លះនៅក្នុងយុទ្ធនាការ១៦ថ្ងៃនេះ?
ក្រុមសកម្មជនស្រ្តីនិយម សហគមន៍ សហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុង បំពេញការងារដើម្បី លើកកម្ពស់សិទ្ធិស្រ្តីនិងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការតាំងពិពណ៌បង្ហាញអំពីអំពើហិង្សាក្នុង គ្រួសារនៅមជ្ឈមណ្ឌលបុបា្ជណានៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ ព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តីនៅថ្នាក់ជាតិនៅរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩ ព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តីនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន កិច្ចពិភាក្សាតុមូលនៅវិទ្យុ VoDនៅថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩ ការតាំងពិពណ៌បង្ហាញជីវប្រវត្តិសកម្មជនអ្នកការពារសិទ្ធិមនុស្ស ជាស្រ្តីនិងអ្នកស្រលាញ់ភេទដូចគ្នានៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៩ និង សកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាផ្អែកលើយេនឌ័រ លទ្ធិស្រ្តីនិយម និងសមភាពជាសេ៊រីជាច្រើនទៀតនៅលើបណ្តាញសង្គម។
តើអ្នកអាចចូលរួមជាមួយយុទ្ធនាការនេះដោយរបៀបម៉េច?
សកម្មភាពទី១៖
អ្នកអាចតាមដានព័ត៌មានថ្មីៗទាក់ទងនិងចលនាស្រ្តីនិយម សិទ្ធិស្រ្តីនិងក្មេងស្រី អ្នកស្រលាញ់ ភេទដូចគ្នា និង សកម្មភាពយុទ្ធនាការទប់ស្កាត់និងលុបបំបាត់អំពើហិង្សា ការបៀតបៀន និង ការរើសអើងផ្អែកលើយេនឌ័រ តាមរយៈ “ការតាមដាន” ព័ត៌មាននៅ លើទំព័រហ្វេសបុករបស់ សកម្មជនស្រ្តីនិយម និងអង្គការសង្គមស៊ីវិលដូចជា អង្គការក្លាហាន សហគមន៍ឥន្ទធនូកម្ពុជា យុទ្ធនាការទីក្រុងសុវត្ថិភាពសម្រាប់ស្រ្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័នសហគមន៍កម្ពុជា សម្ព័នសហជីពកម្ពុជាចំណីអាហារនិងសេវាកម្មកម្ពុជា បណ្តាញស្រ្តីនិងភាពជាអ្នកដឹកនាំ ស្ត្រីកសាងសន្តិភាព ADose of Cath អង្គការNGOស៊ីដ ។ល។
សកម្មភាពទី២៖
អ្នកអាចចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល តាមរយៈការផ្ញើសារ ឬ ផ្សព្វផ្សាយបន្តនូវសារ ជារូបភាព សារជាអក្សរ និងឬ សារជាវីឌីអូ នៅលើបណ្តាញសង្គម និងបង្ហាញការគាំទ្រញាតិដើម្បីគាំទ្រសិទ្ធិការងាររបស់កម្មករនិយោជិត ដែលបានលើកឡើងនូវ តម្រូវការអាទិភាពចំនួន១១ចំណុចដែលត្រូវការដំណោះស្រាយជា បន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាក់ព័ន្ធដូចជា ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីស្នើសុំឲ្យពួកគាត់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតប ចំពោះតម្រូវការចាំបាច់និងបន្ទាន់របស់ស្រ្តីដើម្បី លុបបំបាត់អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ និងសម្រេចបាននូវ គោលនយោបាយ និងផែនការ
យុទ្ធសាស្ត្រជាតិក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និង ភាពក្រីក្រនៅកម្ពុជា។
សកម្មភាពទី៣៖
ធ្វើខ្លួនជា "ពលរដ្ឋសកម្ម"តាមរយៈការចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តី ដែលបានរៀបចំឡើងដោយសកម្មជនស្រ្តីនិយមនិងអង្គការសង្គមស៊ីវិលនៅតាមទីសាធារណៈ
នៅក្នុងមូលដ្ឋានរបស់អ្នក និង ចូលរួមទស្សនា ពិពណ៌បង្ហាញជីវប្រវត្តិ សកម្មជនអ្នកការពារ សិទ្ធិមនុស្សជាស្រ្តីនិងអ្នកស្រលាញ់ភេទដូចគ្នា ឬបង្កើតក្រុមពិភាក្សា ក្នុងចំណោមមិត្តភក្តិដើម្បី បង្កើនចំណេះដឹងផ្ទាល់ខ្លួន។ល។
Comments