ស្ត្រីក៏ខ្វះក្នុងប្រព័ន្ធយុត្តិធម៌ ចំណេះដឹងក៏ស្ទើរអំពីសមភាពយេនឌ័ររបស់អ្នកជំនាញផ្នែកច្បាប់ ធ្វើឱ្យស្ត្រីរងភាពអយុត្តិធម៌ជាប្រព័ន្ធ
- Chea Panha
- Apr 22
- 2 min read
សេចក្តីផ្តើម
នៅកម្ពុជា ស្ត្រីនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗក្នុងការទទួលបានយុត្តិធម៌ ដោយសារតំណាងស្ត្រីក្នុងវិជ្ជាជីវៈច្បាប់មានតិចតួច ចំណែកឯចំណេះដឹងផ្នែកយេនឌ័រក៏នៅមានកម្រិតនៅឡើយទេ ក្នុងចំណោមអ្នកជំនាញផ្នែកច្បាប់ផ្សេងៗ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក៏ដោយ ស្ត្រីគ្រាន់តែស្ថិតក្នុងស្ថានភាពជាជនជាតិភាគតិចមួយនៅក្នុងតួនាទីផ្នែកច្បាប់ដែលសំខាន់ៗប៉ុណ្ណោះ ដូចជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវីជាដើម។ អសមភាពយេនឌ័រនេះ បាននិងកំពុងផ្ដល់ផលវិបាកយ៉ាងវែងឆ្ងាយជាច្រើន ដោយសារការសម្រេចចិត្តទៅលើផ្លូវច្បាប់ គេតែងតែមិនពិចារណាលើបញ្ហាប្រឈមពិសេសៗដែលស្ត្រីជួបប្រទះនោះទេ។ ជាពិសេសនៅក្នុងករណីនៃអំពើហិង្សាផ្អែកលើយេនឌ័រ ជម្លោះក្នុងគ្រួសារ និងការរើសអើងនៅកន្លែងធ្វើការជាដើម។

អវត្ដមានរបស់ស្ត្រីក្នុងតួនាទីប្រព័ន្ធច្បាប់សំខាន់ៗ ដូចជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី បណ្តាលឱ្យមានការខ្វះខាតនូវទស្សនៈយោបល់ដែលយល់ និងផ្តល់អាទិភាពដល់សិទ្ធិស្ត្រី។ លើសពីនេះទៀត អ្នកជំនាញផ្នែកច្បាប់ជាច្រើនមិនបានទទួលការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ក្នុងវិធីសាស្រ្តមួយដែលប្រកាន់យកសមភាពយេនឌ័រ ច្រើនតែនាំទៅរកការសម្រេចចិត្តមួយដែលលំអៀង និងមានទំនោរគាំទ្រការសម្រុះសម្រួល ឬអាចឈានដល់ប្រកាន់យកវប្បធម៌បន្តោសជនរងគ្រោះ ជាជាងស្វែងរកយុត្តិធម៌។ បញ្ហាជាប្រព័ន្ធទាំងនេះ បានបង្កើតឱ្យមានបរិយាកាសមួយដែលស្ត្រីបន្តរងគ្រោះពីរ- បីជាន់ដោយអយុត្តិធម៌ ហើយធ្វើឱ្យជនបង្កគេចចេញផុតពីការទទួលខុសត្រូវ។
ប្លុកនេះ នឹងស្វែងយល់ពីផលវិបាកនៃបញ្ហាប្រឈមទាំងអស់នេះ លើសិទ្ធិទទួលបានយុត្តិធម៌របស់ស្ត្រីនៅកម្ពុជា។ យើងនឹងពិនិត្យលើករណីក្នុងជីវិតពិត ដែលគូសបញ្ជាក់ពីភាពលំអៀងជាប្រព័ន្ធ និងពិភាក្សាអំពីកំណែទម្រង់ដែលមានសក្តានុពល រួមទាំងការបង្កើនតំណាងស្ត្រីក្នុងវិស័យច្បាប់ ការដាក់បញ្ចូលចំណេះដឹងអំពីយេនឌ័រទៅក្នុងការអប់រំផ្នែកច្បាប់ និងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីការពារសិទ្ធិស្ត្រី។ តាមរយៈការដោះស្រាយបញ្ហាទាំងនេះ កម្ពុជាអាចឈានទៅរកប្រព័ន្ធច្បាប់ដែលមានសមធម៌ជាងមុន ដែលធានានូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា។
វត្តមានរបស់ស្ត្រីនៅក្នុងប្រព័ន្ធច្បាប់មានសារៈសំខាន់ណាស់ សម្រាប់ការធានានូវលទ្ធផលសម្រេចតាមផ្លូវច្បាប់ដែលប្រកបដោយយុត្តិធម៌ និងសមធម៌។ ទោះយ៉ាងណាក៏ដោយ នៅកម្ពុជា ស្ត្រីបានកាន់កាប់តែភាគរយតូចមួយប៉ុណ្ណោះ ចំពោះមុខតំណែងនៅក្នុងប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ និងការតស៊ូមតិផ្នែកច្បាប់ផ្សេងៗ។ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយុត្តិធម៌ លេខ ១៥ ចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ ២០២២ រកឃើញថា ស្ត្រីកម្ពុជានៅតែបន្តប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានយុត្តិធម៌ ហើយស្ត្រីជាចុងចោទមិនសូវទទួលបានការគោរព ចំពោះសិទ្ធិនៃការកាត់ក្តីដោយយុត្តិធម៌នោះទេ។ លើសពីនេះ ប្រព័ន្ធយុត្តិធម៌កម្ពុជាដែលស្ត្រីមានចំនួនតិចស្រាប់ ហាក់មានកង្វះសមភាពយេនឌ័រដែលរារាំងទាំងស្ត្រីរងគ្រោះនិងចុងចោទពីការទទួលបានយុត្តិធម៌ឱ្យបានគ្រប់គ្រាន់។ បើយោងតាម គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះតំណាងស្ត្រីក្នុងវិជ្ជាជីវៈច្បាប់នៅតែមានកម្រិតទាបនៅឡើយ។ ក្នុងចំណោមមេធាវីដែលបានចុះឈ្មោះទាំងអស់(មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ ) មានតែ ៥៥៣ នាក់ប៉ុណ្ណោះជាស្ត្រី ដែលស្មើនឹង ២៥.៨ ភាគរយ ខណៈដែលចំនួនប្រជាជនជាស្ត្រីមានច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប (របាយកាណ៍របស់ធនាគារពិភពលោក)។ លើសពីនេះ តំណាងស្ត្រីនៅក្នុងប្រព័ន្ធតុលាការមានកម្រិតទាបជាងនេះទៅទៀត ដោយមានតែប្រហែល ៧.៩ ភាគរយនៃចៅក្រមទាំងអស់ជាស្ត្រី ។ ដោយបច្ចុប្បន្ននេះ មានចៅក្រមជាស្ត្រីតែ ២ នាក់ប៉ុណ្ណោះ នៅក្នុងតុលាការកំពូលក្នុងចំណោមចៅក្រមទាំង ២២ នាក់ និងចៅក្រមស្រី ២ នាក់នៅក្នុងសាលាឧទ្ធរណ៍ក្នុងចំណោមចៅក្រមទាំង ២៩ រូប។

ការកើតឡើងនៃអំពើហឹង្សាផ្អែកលើយេនឌ័រ ជារឿយៗតែងត្រូវបានគេច្រានចោល ឬចាត់ចែងដោះស្រាយខុស៖ អ្នករួចផុតមានជីវិតពីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទ តែងតែប្រឈមមុខនឹងដំណើរការផ្លូវច្បាប់ដែលមិនផ្តល់អាទិភាពដល់សិទ្ធិរបស់ពួកគេ និងការការពារដល់ពួកគេនោះទេ។ ករណីជាច្រើនត្រូវបានដោះស្រាយក្រៅផ្លូវការ ឬក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរមូលដ្ឋាន ដែលព្យាយាមបញ្ចុះបញ្ចូល ឬដាក់សម្ពាធដល់ជនរងគ្រោះឱ្យផ្សះផ្សាជាមួយជនបង្កវិញ ជាជាងបន្តចាត់ការតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកឆ្នាំ 2023 ស្តីពីការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជា ក្នុងនោះដែរ «ការរាយការណ៍អំពីករណីរំលោភសេពសន្ថវៈ និងអំពើហឹង្សាក្នុងគ្រួសារគឺជាបញ្ហាសំខាន់ ប៉ុន្តែមិនមានការរាយការណ៍គ្រប់គ្រាន់នោះទេ។ ដោយសារការមិនទុកចិត្តលើប្រព័ន្ធតុលាការ ប៉ូលីស ឬស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធ ហើយពួកគេមានការភ័យខ្លាចពីការសងសឹកពីសំណាក់ជនបង្ក ការមាក់ងាយពីសង្គម និងការរើសអើងជាដើម។ [...] ជារឿយៗ ប៉ូលីស និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត បានលើកលែងទោសចំពោះករណីអំពើហឹង្សាក្នុងគ្រួសារ។ »
ក្នុងក្រមរដ្ឋប្បវេណី ផ្នែកទី ៤ ស្ដីអំពីការលែងលះគ្នា មាត្រា ៩៨០ ការបែងចែកទ្រព្យសម្បត្តិ នៅពេលដែលការលែងលះកើតឡើង ភាគីប្តីប្រពន្ធនីមួយៗនៅតែរក្សាទ្រព្យសម្បត្តិដាច់ដោយឡែករបស់ពួកគេរាងខ្លួនដដែល។ ចំណែកឯទ្រព្យសម្បត្តិរួម ជាធម្មតាត្រូវបានបែងចែកស្មើគ្នា។ ទោះយ៉ាងណាក៏ដោយ តុលាការអាចពិចារណាលើការបែងចែកនេះ ដោយផ្អែកលើកត្តាផ្សេងៗទៅតាមទំហំបរិច្ចាគរបស់ភាគីប្តីប្រពន្ធនីមួយៗ ដែលរួមចំណែកចំពោះទ្រព្យសម្បត្តិរួម ដើម្បីជីវភាព ការរស់នៅ និងសុខុមាលភាពរបស់កូនផងដែរ។ ប្រការសំខាន់ គេហកិច្ចត្រូវបានទទួលស្គាល់ដោយស្របច្បាប់ថា មានតម្លៃស្មើនឹងការងារខាងក្រៅផ្ទះ ដោយធានានូវការពិចារណារបស់តុលាការក្នុងការបែងចែកទ្រព្យសម្បត្តិប្រកបដោយសមធម៌ផងដែរ។ មាត្រានៃក្រមរដ្ឋប្បវេណីកម្ពុជានេះ (មាត្រា ៩៨០) ឆ្លុះបញ្ចាំងទាំងវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការការពារសិទ្ធិស្ត្រីក្នុងជម្លោះគ្រួសារ។ ស្របពេលដែលក្រមច្បាប់នេះ ធានាការបែងចែកទ្រព្យសម្បត្តិរួម និងទទួលស្គាល់ការងារគ្រួសារថាមានតម្លៃ ប៉ុន្តែការសម្រេចចិត្តរបស់តុលាការមានលក្ខណទូលំទូលាយ អាចនាំឱ្យមានការសម្រេចដោយលំអៀង ដោយសារផ្អែកលើយេនឌ័រ។ ស្ត្រី ជាពិសេសស្ត្រីមេផ្ទះ នៅតែអាចប្រឈមមុខនឹងគុណវិបត្តិ ប្រសិនបើតុលាការផ្តល់អាទិភាពលើការរួមចំណែកផ្នែកហិរញ្ញវត្ថុ ជាជាងតួនាទីក្នុងការថែទាំ។ លើសពីនេះទៀត បទដ្ឋានសង្គម និងកង្វះការយល់ដឹងផ្នែកច្បាប់ ជាពិសេសការយល់ដឹងអំពីគោលការណ៍សមភាពយេនឌ័រ អាចនឹងដាក់សម្ពាធស្ត្រីឱ្យចូលទៅក្នុងការដោះស្រាយមួយដែលអយុត្តិធម៌។ ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រីយ៉ាងពិតប្រាកដ ច្បាប់ត្រូវតែអនុវត្តជាមួយនឹងការបណ្តុះបណ្តាលអំពីយេនឌ័រសម្រាប់អ្នកជំនាញផ្នែកច្បាប់ និងការអនុវត្តឱ្យកាន់តែរឹងមាំនៃការបែងចែកទ្រព្យសម្បត្តិប្រកបដោយសមធម៌។

ការរើសអើងនៅកន្លែងធ្វើការ នៅតែកើតឡើងស្ទើក្លាយជារឿងធម្មតា៖ បើគ្មានការការពារពីផ្លូវច្បាប់គ្រប់គ្រាន់ និង ត្រឹមត្រូវស្របតាមគោលការសិទ្ធិមនុស្សទេ ស្ត្រីនៅតែបន្តតស៊ូស្វែងរកយុត្តិធម៌ប្រឆាំងនឹងការបៀតបៀននៅកន្លែងធ្វើការ និងការរើសអើងការងារផ្អែកលើយេនឌ័រតរៀងទៅ។ កម្មការិនីជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងឧស្សាហកម្មកាត់ដេរ និងការកម្សាន្ត ប្រឈមមុខនឹងការរើសអើងយេនឌ័រយ៉ាងធ្ងន់ធ្ងរ រួមទាំងប្រាក់ឈ្នួលមិនស្មើគ្នា កង្វះការឈប់សម្រាកលំហែមាតុភាព និងការបៀតបៀនផ្លូវភេទជាដើម។ យោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ចេញផ្សាយនៅឆ្នាំ ២០២២ មានចំណងជើងថា «ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ» ដែលរៀបរាប់អំពីរឿងរ៉ាវតស៊ូរបស់ស្ត្រី ៦ រូប បាននិយាយថា ស្ត្រីនៅក្នុងវិស័យដែលមានប្រព័ន្ធគ្រប់គ្រងដោយបុរសដូចជា ការអនុវត្តច្បាប់ និងការគ្រប់គ្រងសាជីវកម្មផ្សេងៗ ជារឿយៗជួបប្រទះនឹងឧបសគ្គ និងបញ្ហាចាក់ស្រេះជាច្រើន។ ស្ត្រីដែលធ្វើការក្នុងរោងចក្រ តែងតែទទួលរងនូវអាកប្បកិរិយាមិនសមរម្យពីអ្នកគ្រប់គ្រង ប្រឈមមុខនឹងការសងសឹកប្រសិនបើពួកគេរាយការណ៍ពីបញ្ហាទាំងនេះ និងទទួលបានត្រឹមតែអំពើនិទណ្ឌភាព នៅពេលពួកគេប្ដឹងអំពីការបៀតបៀន និងរំលោភបំពាន។ លើសពីនេះទៀត ស្ត្រីប្រកបរបរផ្លូវភេទ និងធ្វើការផ្នែកកម្សាន្ត បានទទួលរងនូវការរំលោភបំពានសិទ្ធិរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដូចជា អំពើហិង្សា (ផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត) ការធ្វើទុក្ខបុកម្ដេញ និងការរើងអើងជាដើម។ ជាងនេះទៅទៀត នៅពេលទទួលរងការរំលោភបំពានម្ដងៗ ដោយសារតែងតែទទួលបានការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្ត្រីរងគ្រោះជាច្រើនមិនហ៊ានសូម្បីបញ្ចេញសម្លេងអំពីការឈឺចាប់របស់ខ្លួន។

ភាពលំអៀងដែលផ្អែកលើយេនឌ័រនៅក្នុងករណីអំពើហិង្សាក្នុងគ្រួសារ៖ ស្ត្រីកម្ពុជាជាច្រើនដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារយល់ឃើញថា អ្នកជំនាញផ្នែកច្បាប់តែងតែលើកទឹកចិត្តពួកគេឱ្យ "សម្រុះសម្រួល" ជាមួយជនបង្ក ជាជាងបន្តសកម្មភាពតាមនីតិវិធីច្បាប់។ ការយល់ដឹងនៅមានកម្រិតរបស់អ្នកជំនាញផ្នែកច្បាប់ អំពីសមភាពយេនឌ័រពិតជាចូលរួមរារាំងយ៉ាងខ្លាំងក្នុងដំណើរស្វែងរកយុត្តិធម៌របស់ស្ត្រី។ យោងតាមរបាយការណ៍មានចំណងជើងថា «រក្សាភាពសុខដុមរមនា ឬរារាំងយុត្តិធម៌» ដែលសិក្សាអំពីការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) មូលដ្ឋានក្នុងករណីអំពើហិង្សាក្នុងគ្រួសារ និងដោយដៃគូស្និទ្ធិស្នាលនៅកម្ពុជា បានបង្ហាញថា ជនរងគ្រោះពីអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) នៅកម្ពុជាប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការស្វែងរកយុត្តិធម៌។ ករណីជាច្រើន ត្រូវបានបង្វែរទៅជា ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(ADR) ជំនួសឱ្យដំណើរការតាមនីតិវិធីផ្លូវច្បាប់។ ការដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ច្រើនតែប្រើប្រាស់ខុស ដោយផ្តោតលើការសម្រុះសម្រួលជាជាងជម្រះក្ដីរកយុត្តិធម៌ ប៉ុន្តែទង្វើនេះអាចឱ្យជនល្មើសគេចផុតពីទណ្ឌកម្មតាមផ្លូវច្បាប់។ អាជ្ញាធរតាមមូលដ្ឋានដែលគ្រប់គ្រងដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ច្រើនតែខ្វះខាតនូវការបណ្តុះបណ្តាលអំពីយេនឌ័រ ដែលនាំឱ្យមានលទ្ធផលសម្រេចចិត្តដែលលំអៀង។ ជនរងគ្រោះ ជាពិសេសស្ត្រី ដែលមានជីវភាពក្រីក្រ តែងត្រូវបានគេដាក់សម្ពាធឱ្យទទួលយកសំណងហិរញ្ញវត្ថុជំនួសឱ្យការស្វែងរកការការពារផ្លូវច្បាប់។ ការអនុវត្តនេះ ធ្វើឱ្យក្របខណ្ឌច្បាប់របស់កម្ពុជាដែលប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រចុះខ្សោយ។ របាយការណ៍នេះផងដែរ ក៏អំពាវនាវឱ្យ មានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងដាក់កំហិតទៅលើដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងករណីធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ។ និងជំរុញឱ្យ មានការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកជំនាញផ្នែកច្បាប់ ដើម្បីធានាបាននូវការកាត់ក្តីដោយយុត្តិធម៌ និងប្រកបដោយសមធម៌។ រដ្ឋាភិបាលត្រូវតែពង្រឹងសិទ្ធិទទួលបានយុត្តិធម៌ចំពោះស្ត្រី និងទប់ស្កាត់និទណ្ឌភាពចំពោះជនល្មើសដែលប្រព្រឹត្តអំពើហិង្សាផ្អែកលើយេនឌ័រ។ យន្តការ ADR ត្រូវបានប្រើប្រាស់ក្នុងករណីហិង្សាក្នុងគ្រួសារច្រើនពេកនិងហួសព្រំដែនហើយ បើទោះបីជាមានបទប្បញ្ញត្តិផ្លូវច្បាប់ ដូចជាច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដោយ។
របាយការណ៍ «រក្សាភាពសុខដុមរមនា ឬរារាំងយុត្តិធម៌»នេះ សង្កត់ធ្ងន់លើរបៀបដែលជនរងគ្រោះក្នុងអំពើហឹង្សាគ្រួសា និងដៃគូស្និទ្ធស្នាល តស៊ូដើម្បីទទួលបានយុត្តិធម៌ដោយសារតែ៖
សម្ពាធពីសង្គម ដែលផ្តល់អាទិភាពដល់ភាពសុខដុមក្នុងគ្រួសារ ប៉ុន្តែមិនទទួលស្គាល់ការឈឺចាប់របស់ស្ត្រី ដែលនាំឱ្យមានការផ្សះផ្សាជាជាងដាក់ទណ្ឌកម្ម។
កង្វះតំណាងផ្លូវច្បាប់ និងការសម្រុះសម្រួលដែលមានលក្ខណៈយេនឌ័រ ដែលនាំឱ្យមានដំណោះស្រាយអយុត្តិធម៌។
សេវាគាំទ្រមិនគ្រប់គ្រាន់ ដូចជាជំនួយផ្នែកច្បាប់ និងការប្រឹក្សាផ្លូវចិត្ត ធ្វើឱ្យស្ត្រីរងគ្រោះបន្តក្លាយជាជនងាយរងគ្រោះបន្ថែមទៀត។
របាយការណ៍ត្រួតពិនិត្យរបស់អង្គការស៊ីដ (CEDAW) ឆ្នាំ ២០២២ ក៏បានកត់សម្គាល់ផងដែរថា កិច្ចខិតខំប្រឹងប្រែងក្នុងការតស៊ូមតិ បានជំរុញឱ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់ ADR សម្រាប់ករណីអំពើហិង្សាក្នុងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យវឌ្ឍនភាពបច្ចុប្បន្ននៃការអនុវត្ត ADR ដើម្បីធានាថា ការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះកំពុងត្រូវបានអនុវត្ត។ ឧបសគ្គទាំងនេះ បន្តពង្រឹងវដ្តនៃអំពើហិង្សាផ្អែកលើយេនឌ័រ និងការរើសអើងតាមស្ថាប័ន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ស្ត្រីក្នុងការដោះលែងពីស្ថានភាពបំពាន។
សេចក្តីសន្និដ្ឋាន
កង្វះខាតស្ត្រីក្នុងវិជ្ជាជីវៈច្បាប់នៅកម្ពុជា និងចំណេះដឹងអំពីយេនឌ័រនៅមានកម្រិតក្នុងចំណោមអ្នកជំនាញផ្នែកច្បាប់ បានបង្កើតឧបសគ្គយ៉ាងខ្លាំងចំពោះការស្វែងរកយុត្តិធម៌របស់ស្ត្រី។ បញ្ហាប្រឈមទាំងនេះ ធ្វើឱ្យបន្តមានភាពលំអៀងយេនឌ័រនៅក្នុងសេចក្តីសម្រេចរបស់តុលាការ ធ្វើឱ្យការការពារនិងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រចុះខ្សោយ និងកាន់តែពង្រីកការរើសអើងជាប្រព័ន្ធផងដែរ។ ការប្រើប្រាស់មិនត្រឹមត្រូវនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) ធ្វើឱ្យជនរងគ្រោះបន្តរងគ្រោះមួយជាន់ថែមទៀតពីការអនុវត្តផ្លូវច្បាប់។
ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមាន «ការបង្កើនតំណាងស្ត្រីក្នុងវិស័យច្បាប់ រួមទាំងការបណ្តុះបណ្តាលដែលប្រកាន់យកសមភាពយេនឌ័រទៅក្នុងការអប់រំផ្នែកច្បាប់ និងពង្រឹងការការពារផ្នែកច្បាប់ឱ្យកាន់តែរឹងមាំនិងយុត្តិធម៌»។ តាមរយៈការអនុវត្តកំណែទម្រង់ទាំងនេះ កម្ពុជាអាចកសាងប្រព័ន្ធយុត្តិធម៌បានកាន់តែត្រឹមត្រូវ និងសមធម៌ជាងមុន ដែលជាការលើកកម្ពស់សិទ្ធិស្ត្រីត្រឹមត្រូវ និងពិតប្រាកដ។
អនុសាសន៍សម្រាប់កំណែទម្រង់
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កំណែទម្រង់សំខាន់ៗមួយចំនួនគួរតែត្រូវយកទៅពិចារណា៖
បង្កើនតំណាងស្ត្រីក្នុងវិជ្ជាជីវៈច្បាប់៖ លើកទឹកចិត្តស្ត្រីឱ្យបន្តអាជីពផ្នែកច្បាប់តាមរយៈអាហារូបករណ៍ កម្មវិធីណែនាំ និងការគាំទ្រពីស្ថាប័នផ្សេងៗអាចជួយបង្កើតប្រព័ន្ធតុលាការមួយដែលមានតុល្យភាពជាងមុន។
បណ្តុះបណ្តាលសមភាពយេនឌ័រ លើកជាកាតព្វកិច្ចសម្រាប់អ្នកជំនាញផ្នែកច្បាប់៖ ចៅក្រម មេធាវី និងមន្ត្រីអនុវត្តច្បាប់ គួរតែទទួលបានការបណ្តុះបណ្តាលយ៉ាងទូលំទូលាយអំពីការអនុវត្តច្បាប់ដែលប្រកាន់យកសមភាពយេនឌ័រ។
ពង្រឹងច្បាប់ និងអនុវត្តយន្តការ៖ ច្បាប់ដែលមានស្រាប់ដែលការពារសិទ្ធិស្ត្រី គួរតែអនុវត្តឱ្យកាន់តែប្រសើរឡើង ដោយមានការដាក់ទណ្ឌកម្មឱ្យបានតឹងរ៉ឹងចំពោះការរំលោភបំពាន។
បង្កើតតុលាការឯកទេស សម្រាប់ករណីអំពើហឹង្សាផ្អែកលើយេនឌ័រ៖ បង្កើតតុលាការ ឬអង្គភាពនានានៅក្នុងប្រព័ន្ធតុលាការ ដើម្បីដោះស្រាយករណីអំពើហិង្សាផ្អែកលើយេនឌ័រប្រកបដោយភាពរសើប និងជំនាញ។
កែលម្អជំនួយផ្នែកច្បាប់សម្រាប់ស្ត្រី៖ ផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ស្ត្រី ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ អាចជួយពួកគេឱ្យដំណើរការបេសកកម្មប្រកបដោយយុត្តិធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះទៀត លើសពីការគាំទ្រផ្នែកច្បាប់ ជំនួយផ្លូវចិត្តសម្រាប់ស្ត្រីរងគ្រោះ គួរតែបញ្ចូលទៅក្នុងសេវាជំនួយផ្នែកច្បាប់។ ស្ត្រីរងគ្រោះពីអំពើហឹង្សាក្នុងគ្រួសារ ច្រើនតែជួបប្រទះនឹងរបួសរយៈពេលវែង ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការស្វែងរកយុត្តិធម៌ និងសម្របការរស់នៅក្នុងសង្គម។ តាមរយៈការផ្តល់ការគាំទ្រផ្សេងៗ ជំនួយសុខភាពផ្លូវចិត្ត យើងអាចធានាថាពូកគេទទួលបានការថែទាំដ៏មានប្រសិទ្ធភាពពិតប្រាកដ ដែលពួកគេត្រូវការ។លើសពីនេះទៀត លើសពីការគាំទ្រផ្នែកច្បាប់ ជំនួយផ្លូវចិត្តសម្រាប់ជនរងគ្រោះគួរតែបញ្ចូលទៅក្នុងសេវាជំនួយផ្នែកច្បាប់។ ស្ត្រីរងគ្រោះពីអំពើហឹង្សាក្នុងគ្រួសារ ច្រើនតែជួបប្រទះនឹងរបួសរយៈពេលវែង ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការស្វែងរកយុត្តិធម៌ និងសម្របការរស់នៅក្នុងសង្គម។ តាមរយៈការផ្តល់ការគាំទ្រផ្សេងៗ ជំនួយសុខភាពផ្លូវចិត្ត យើងអាចធានាថាពូកគេទទួលបានការថែទាំដ៏មានប្រសិទ្ធភាពពិតប្រាកដ ដែលពួកគេត្រូវការ។
About the author: CHEA Panha is a passionate Cambodian youth advocate and freelance writer. She is dedicated to empowering her generation by promoting ``human rights, women’s rights, and gender equity`` through impactful writing, advocacy, and creative engagement.
Comments