សរសេរដោយ៖ កើត-អួរជែល ចន្រា្ទ, អ្នកសារព័ត៌មាន, ស្រ្តីនិយម, យ៉ូហ្គី (អ្នកហាត់យ៉ូហ្គាខ្ជាប់ខ្ជួន), ភរិយា និងម្តាយ
បកប្រែជាភាសាខ្មែរដោយ៖ បុណ្យ រចនា និង អេង សុខា
យើងសង្កេតឃើញថាខ្មែរបច្ចុប្បន្ននេះភាគច្រើនមានការយល់ដឹងអំពីសិទ្ធិនិងសេរីភាពស្មើរគ្នារវាងស្រ្តីនិងបុរសបើប្រៀបធៀបទៅនឹងកាលពីអតីតកាល។ ស្រ្តីមានដោយបើកចំហរអំពីការរួមភេទនោះទេដូចបុរសដែរ។ ក៏ប៉ុន្តែ តើស្រ្តីដឹងថាពួកគេមានសិទ្ធិទទួលបានភាពសុខស្រួលនៅក្នុងការរួមភេទដូចជាមនុស្សប្រុសដែរនោះ?
ប្រាកដណាស់ ថាស្ត្រីនិងបុរសមិនអាចទទួលបានបទពិសោធន៍ដូចគ្នាទាំងស្រុងនោះទេនៅក្នុងកំឡុងពេលរួមភេទ ព្រោះថា រាងកាយ និងប្រដាប់ភេទរបស់មនុស្សស្រីនិងមនុស្សប្រុសមាន លក្ខណៈខុសគ្នា អញ្ចឹងហើយពួកគេអាចទទួលបានភាពសុខស្រួលក៏ខុសគ្នាដែរ។ ប៉ុន្តែចំនុចសំខាន់នោះគឺស្រ្តីគួរទទួលបានភាពសុខស្រួលក្នុងកំឡុងពេលរួមភេទ ហើយគួរតែអាចសម្រេចចំណង់ផ្លូវភេទដល់ចំណុចកំពូល (ប្រសិនបើនាងមិនអាចសម្រេចចំណង់ផ្លូវភេទដល់ចំណុចកំពុូលបានតាមរយៈការដាក់បញ្ចូល ប្រដាប់ភេទរបស់បុរសក្នុងកំឡុងពេលរួមភេទនោះ នាងគួរតែអាចសម្រេចបានតាមរយៈទម្រង់នៃ ការបបោសអង្អែលផ្សេងៗ ដូចជាការបបោសអងែ្អលដោយប្រើមាត់ជាដើម)។
កាលខ្ញុំមានអាយុ១៤ឆ្នាំខ្ញុំបានធ្វើជាស្ម័គ្រចិត្តក្នុងក្រុមមិត្តអប់រំមិត្តជាមួយអង្គការជាតិមួយ ដែលមានឯកទេសខាងអប់រំសុខភាពផ្លូវភេទនិងការបន្តពូជ។ អ្វីដែលខ្ញុំបានរៀនពីកិច្ចការនោះមាន ដូចជា៖
១) កុំធ្វើការរួមភេទមុនពេលរៀបការ
២) របៀបនៃការរួមភេទដោយសុវត្ថិភាព
៣) របៀបដែលមេរោគHIV អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត
៤) ព័ត៌មានអំពីការបៀតបៀនផ្លូវភេទ
៥) របៀបនៃការស្វែងរកជំនួយអំពីបញ្ហាសុខភាពផ្លូវភេទនិងការបន្តពូជ
ខ្ញុំអាចទន្ទេញទ្រឹស្តីទាំងអស់នោះបានយ៉ាងស្ទាត់ដូចជាការសូត្រធម៌អញ្ចឹង។ ខ្ញុំបាន ចែករំលែក ចំណេះទាំងអស់នោះទៅមិត្តភក្តិក្នុងថ្នាក់រៀន សិស្សរួមសាលា រួមទាំងយុវជន ជាច្រើនទៀតនៅតាមទីសាធារណៈ។ សប្បាយចិត្តខ្លាំងណាស់ដែលអាចចំណាយពេលវេលា ដើម្បីចែករំលែកចំណោះដឹងអំពីសុខភាពផ្លូវភេទទៅកាន់ក្មេងជំទង់និងក្រុមយុវជន។ ប៉ុន្តែខ្ញុំសង្កេតឃើញថាអ្វីៗ ហាក់មិនមានការប្រែប្រួលសោះក្នុងរយៈ១០កន្លងមកនេះ។ យើងនៅតែសូត្រទ្រឹស្តីនិង ប្រើវិធីសាស្រ្តដដែលៗដូចជា៖ “មនុស្សស្រីយើងមានសិទ្ធិនិយាយអំពីការរួមភេទ” ។
ខ្ញុំសប្បាយចិត្តដែលឃើញមនុស្សស្រីសម័យថ្មីចាប់ផ្តើមនិយាយដោយបើកចំហរអំពីការរួមភេទ និងសុខភាពបន្តពូជ។ ទន្ទឹមនោះដែរខ្ញុំក៏មានការខកចិត្តដែលពួកគេគ្រាន់តែសូត្រតាមទ្រឹស្តី ដូចជាសត្វសារិការ។ នៅពេលមានការពិភាក្សាដេញដោលអំពីសកម្មភាពផ្លូវភេទពួកគេក៏ចាប់ផ្តើមលើកយក ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌មកដាក់មុខ។ ហេតុអ្វីយើងមិនគិតថាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌មួយចំនួនធំគឺមនុស្សប្រុស ជាអ្នកបង្កើតឡើង? ហើយប្រពៃណីវប្បធម៌មួយ
ចំនួនបានរារាំងមហិច្ឆតា និងចំណង់ប្រាថ្នារបស់យើង។
របាយការណ៍មួយដែលចេញផ្សាយក្នុងឆ្នាំ២០០៧ ហើយសរសេរដោយ Linda H. Bearinger ស្តីអំពីទស្សនៈសកលស្តីអំពីសុខភាពផ្លូវភេទនិងការបន្តពូជរបស់យុវជន៖ ទំនោរ ការរារាំង និងឪកាស បានបង្ហាញថា “គម្លាតរវាងអាយុនៃការរួមភេទជាលើកដំបូង និងគម្លាត អាយុនៃការរៀបការកាន់តែធំឡើងនៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ឬមធ្យម” នេះមានន័យថាមានមនុស្សជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្លូវភេទមុនពេលរៀបការ។
ស្របគ្នាដែរ របាយការណ៍មួយរបស់អង្គការ UNFPA, UNESCO និងអង្គការសុខភាពពិភពលោក (WHO) ដែល ចេញផ្សាយក្នុងឆ្នាំ២០១៥ បានបង្ហាញភស្តុតាង ជាច្រើនដែលចង្អុលបង្ហាញថាស្រ្តីវ័យក្មេងហាក់ដូចជាបានចូលរួមក្នុងសកម្មភាពរួមភេទ ឆាប់រហ័យជាង មនុស្សប្រុសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រទេសដែលមានរៀបការក្នុងវ័យក្មេង។
ទោះបីជាមនុស្សស្រ្តីបានចូលរួមក្នុងសកម្មភាពផ្លូវភេទឆាប់រហ័សជាងមនុស្សប្រុសក៏ដោយ នេះមិនមានន័យថាពួកគេតែងតែផ្តល់ការព្រមព្រៀង និងតែងតែទទួលបានភាពសុខស្រួលក្នុង កំឡុងពេលរួមភេទនោះទេ។ មានមនុស្សស្រីជាច្រើនបានធ្លាក់ខ្លួនទៅជាទាសករផ្លូវភេទរបស់ស្វាមីក្រោយពេលរៀបការ ដោយ ដោយមិនដឹងខ្លួនថាពួកគេគឺជាជនរងគ្រោះផង។ មនុស្សស្រីមួយចំនួនគិតថា នេះគឺជាទំនៀមទម្លាប់ប្រពៃណី ហើយមួយចំនួនទៀតបានគិតថានេះគឺជាកម្មពៀររបស់គេ។ ប៉ុន្តែតើអ្នកដឹងទេថាការបង្ខំមនុស្សស្រីឲ្យរួមភេទគឺជាបទឧក្រិដ្ឋ?
ស្រ្តីគួរនិយាយដោយបើកចំហរជាមួយដៃគូរបស់ខ្លួនអំពីអ្វីដែលនាងចង់បាន និងរបៀបដែលដៃគូរបស់នាងអាចធ្វើឲ្យនាងសម្រេចចំណង់ផ្លូវភេទដល់កំពូល។ ជាក់ស្តែង មានស្រ្តីខ្លះត្រូវការការបបោសអង្អែលនៅលើគ្លីតូរីន(ចំនុចក្នុងបរិវេណប្រដាប់ភេទស្រ្តី )ដើម្បីអាចឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទ។ ស្រ្តីខ្លះទៀតត្រូវការការស្ទាប់អង្អែលនិងថើបដើម្បីអាចសម្រេចបាននៅភាព សុខស្រួលផ្លូវអារម្មណ៍និងរាងកាយ។ ហើយមួយចំនួនទៀតអាចសម្រេចបានត្រឹមតែការដាក់បញ្ចូលប្រដាប់ភេទរបស់បុរសក្នុងពេលរួមភេទ។
យើងដឹងថាមនុស្សប្រុសទាំងអស់មិនមែនសុទ្ធតែអាត្មានិយមនោះទេព្រោះមានមនុស្សប្រុសមួយ ចំនួនបានគិតថាភាពសុខស្រួលរបស់ដៃគូរបស់ខ្លួនគឺជាសេចក្តីសុខរបស់ខ្លួនផងដែរ។ ប៉ុន្តែ បើសិនជាមានមនុស្សប្រុសដែលមិនខ្វល់ខ្វាយអំពីសេចក្តីសុខផ្លូវភេទរបស់ដៃគូរបស់ខ្លួនថាជាកិច្ចការសំខាន់នោះទេ នោះដៃគូស្រីរបស់ពួកគេមានសិទ្ធិពេញលេញក្នុងការបដិសេធន៍មិនព្រមរួមភេទ ហើយបើសិនជាគេនៅតែបង្ខំរួមភេទដោយគ្មានការព្រមព្រៀងពីនាងនោះ មនុស្សប្រុសនោះ បានប្រព្រឹត្តបទឧក្រិដ្ឋហើយ។
Komentáře