top of page

យុទ្ធនាការ១៦ថ្ងៃនៃភាព សកម្មនិយម ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ



តើយុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ

(យុទ្ធនាការ១៦ថ្ងៃ) ជាកម្មវិធីអ្វី?

យុទ្ធនាការ១៦ថ្ងៃ ជាយុទ្ធនាការសកលមួយបានផ្តួចផ្តើមឡើងដោយសកម្មជនស្រ្តីមួយក្រុម នៅ ក្នុងឆ្នាំ ១៩៩១ ហើយ បន្តធ្វើឡើងជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្នក្នុងគោលបំណង ដើម្បី អំពាវនាវឲ្យមានការចាត់វិធានការទប់ស្កាត់ ​និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្រ្តីនិង ក្មេងស្រី នៅថ្នាក់អន្តរជាតិនិងថ្នាក់ជាតិ។ យុទ្ធនាការ១៦ថ្ងៃ ត្រូវបានសម្របសម្រួលដោយ Center for Women’s Global Leadership ហើយប្រារព្វឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូត ដល់ថ្ងៃទី១០ ខែធ្នូដែលជាទិវាអន្តរជាតិសិទ្ធមនុស្ស និងមានការចូលរួមពីសំណាក់ក្រុមសកម្មជន ស្រ្តីនិយម សហជីព និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងបំពេញបេសកកម្មដើម្បីលើក កម្ពស់សិទ្ធិស្រ្តីនិង សមភាពយេនឌ័រប្រមាណជាង៦,០០០ពាន់ស្ថាប័នស្ថិតក្នុងប្រទេស ចំនួន១៨៧។

តើអ្វីជាប្រធានបទសម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំ២០១៩នៅថ្នាក់សកល?

“បញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រក្នុងពិភពការងារ” ត្រូវបានកំណត់យកជាប្រធានបទសកល សម្រាប់យុទ្ធនាការ១៦ថ្ងៃនៅក្នុងឆ្នាំ២០១៩ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ សាធារណៈជន និងជាពិសេសភ្នាក់ងាររដ្ឋឲ្យ​ផ្តោតការយកចិត្តទុកដាក់លើ អនុសញ្ញាលេខ១៩០ និង អនុសាសន៍ លេខ២០៦ ស្តីពីការបញ្ឈប់អំពើហិង្សាក្នុងពិភពការងាររបស់អង្គការពលកម្មអន្តរជាតិ(ILO) ព្រមទាំងជម្រុញឲ្យបណ្តាប្រទេសនានាក្នុងសកលលោក ផ្តល់សច្ចាប័ន និងចាត់វិធានការណ៍ដើម្បី បញ្រ្ចៀបនិងអនុវត្តគោលការណ៍នានាដែលមានចែងនៅក្នុងអនុសញ្ញានៅកម្រឹតថ្នាក់ជាតិ។​


តើក្រុមសង្គមស៊ីវិលមានរៀបចំកម្មវិធីអ្វីខ្លះនៅក្នុងយុទ្ធនាការ១៦ថ្ងៃនេះ?

ក្រុមសកម្មជនស្រ្តីនិយម សហគមន៍ សហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុង បំពេញការងារដើម្បី លើកកម្ពស់សិទ្ធិស្រ្តីនិងសមភាពយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការតាំងពិពណ៌បង្ហាញអំពីអំពើហិង្សាក្នុង គ្រួសារនៅមជ្ឈមណ្ឌលបុបា្ជណានៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ ព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តីនៅថ្នាក់ជាតិនៅរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩ ព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តីនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន កិច្ចពិភាក្សាតុមូលនៅវិទ្យុ VoDនៅថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩ ការតាំងពិពណ៌បង្ហាញជីវប្រវត្តិសកម្មជនអ្នកការពារសិទ្ធិមនុស្ស ជាស្រ្តីនិងអ្នកស្រលាញ់ភេទដូចគ្នានៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៩ និង សកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាផ្អែកលើយេនឌ័រ លទ្ធិស្រ្តីនិយម និងសមភាពជាសេ៊រីជាច្រើនទៀតនៅលើបណ្តាញសង្គម។


តើអ្នកអាចចូលរួមជាមួយយុទ្ធនាការនេះដោយរបៀបម៉េច?​

សកម្មភាពទី១៖

អ្នកអាចតាមដានព័ត៌មានថ្មីៗទាក់ទងនិងចលនាស្រ្តីនិយម សិទ្ធិស្រ្តីនិងក្មេងស្រី អ្នកស្រលាញ់ ភេទដូចគ្នា និង សកម្មភាពយុទ្ធនាការទប់ស្កាត់និងលុបបំបាត់អំពើហិង្សា ការបៀតបៀន និង ការរើសអើងផ្អែកលើយេនឌ័រ តាមរយៈ “ការតាមដាន” ព័ត៌មាននៅ លើទំព័រហ្វេសបុករបស់ សកម្មជនស្រ្តីនិយម និងអង្គការសង្គមស៊ីវិលដូចជា អង្គការក្លាហាន សហគមន៍ឥន្ទធនូកម្ពុជា យុទ្ធនាការទីក្រុងសុវត្ថិភាពសម្រាប់ស្រ្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័នសហគមន៍កម្ពុជា សម្ព័នសហជីពកម្ពុជាចំណីអាហារនិងសេវាកម្មកម្ពុជា​ បណ្តាញស្រ្តីនិងភាពជាអ្នកដឹកនាំ​​ ស្ត្រីកសាងសន្តិភាព ADose of Cath អង្គការNGOស៊ីដ ។ល។

សកម្មភាពទី២៖

អ្នកអាចចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល តាមរយៈការផ្ញើសារ ឬ ផ្សព្វផ្សាយបន្តនូវសារ ជារូបភាព សារជាអក្សរ និងឬ សារជាវីឌីអូ នៅលើបណ្តាញសង្គម ​ និងបង្ហាញការគាំទ្រញាតិដើម្បីគាំទ្រសិទ្ធិការងាររបស់កម្មករនិយោជិត ដែលបានលើកឡើងនូវ តម្រូវការអាទិភាពចំនួន១១ចំណុចដែលត្រូវការដំណោះស្រាយជា បន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាក់ព័ន្ធដូចជា ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស ​ ​ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីស្នើសុំឲ្យពួកគាត់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតប ចំពោះតម្រូវការចាំបាច់និងបន្ទាន់របស់ស្រ្តីដើម្បី លុបបំបាត់អំពើហិង្សា​លើ​ស្រ្តី​គ្រប់ទម្រង់ និង​សម្រេច​បាន​នូវ​ គោលនយោបាយ​ និងផែនការ

យុទ្ធ​សាស្ត្រ​ជាតិក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និង ភាពក្រីក្រនៅកម្ពុជា។

សកម្មភាពទី៣៖

ធ្វើខ្លួនជា "ពលរដ្ឋសកម្ម"តាមរយៈការចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ជួបជុំក្រុមស្រ្តី ដែលបានរៀបចំឡើងដោយសកម្មជនស្រ្តីនិយមនិងអង្គការសង្គមស៊ីវិលនៅតាមទីសាធារណៈ

នៅក្នុងមូលដ្ឋានរបស់អ្នក និង ចូលរួមទស្សនា ពិពណ៌បង្ហាញជីវប្រវត្តិ សកម្មជនអ្នកការពារ សិទ្ធិមនុស្សជាស្រ្តីនិងអ្នកស្រលាញ់ភេទដូចគ្នា ឬបង្កើតក្រុមពិភាក្សា ក្នុងចំណោមមិត្តភក្តិដើម្បី បង្កើនចំណេះដឹងផ្ទាល់ខ្លួន។ល។

សូមចូលរួមជាមួយយើងដើម្បីផ្សព្វផ្សព្វលិទ្ធិស្រ្តីនិយម និង លុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា!!!

306 views0 comments
bottom of page